១-ទទួលទានផ្លែប៉ោម ឬផ្លែភែរ៍មួយថ្ងៃមួយផ្លែ ពីព្រោះក្នុងផ្លែប៉ោម និងផ្លែភែរ៍សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីនកម្ម ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ។ ម្យ៉ាងទៀត វាក៏ជាផ្លែឈើ ដែលមានរសជាតិសរសៃខ្ពស់ ដែលជាតិសរសៃនេះវាទៅជួយរំលាយជាតិខ្លាញ់ និងប្រូតេអ៊ីន ។ ដូច្នេះបើអ្នកណាដែលកំពុងតែគ្រប់គ្រងទម្ងន់ដើម្បីបានរាងស្វែល ស្អាតរយៈពេលយូរ សូមសាកល្បងទទួលទានផ្លែប៉ោម និងផ្លែភែរ៍ ធានាថាមិនខុសបំណងឡើយ ។
២-លាងដៃឲ្យបានញឹកញាប់ ជាពិសេសត្រូវលាងដៃ មុនពេលទទួលទានអាហារ ពីព្រោះដៃរបស់យើងប៉ះកាន់ចំមេរោគផ្សេងៗជាច្រើន ។ ដូច្នេះដើម្បីសុខភាពរបស់យើងផ្ទាល់ត្រូវលាងដៃជាប់ជាប្រចាំមុននឹង ទទួលទានអាហារ ។
៣-ហាត់ដកដង្ហើមវែងៗ វិធីនេះមិនគ្រាន់តែជួយកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរប៉ុណ្ណោះ ទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយសម្ពាធឈាមបានទៀតផង។ យើងអាចចំណាយពេលប្រមាណជា ១៥នាទីក្នុងមួយថ្ងៃដើម្បីដកដង្ហើមវែងៗ និងបញ្ចេញមកវិញម្ដងបន្តិចៗយ៉ាងហោចណាស់ ១០ដងក្នុងមួយវិនាទី ពេលនោះអ្នកនឹងមានអារម្មណ៍ស្មឹងស្មាធិ៍ និងបានធូរស្បើយក្នុងខ្លួន។ កត្តាសំខាន់មួយទៀត គឺត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់នោះសម្រស់ស្អាត និងសុខភាពល្អទៅណាមិនឆ្ងាយពីអ្នកឡើយ។
៤-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាត ទោបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃភ្នែកយើង មិនសូវបានប៉ះនឹងពន្លឺថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែលុះបានប៉ះចំពន្លឺខ្លាំងម្តងៗ ក៏ធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើង ជាខ្លាំង។ ដូច្នេះដើម្បីការពារភ្នែករបស់យើងត្រូវវ៉ែនតាការពារពន្លឺថ្ងៃពាក់ ដើម្បីការពារពេលដែលយើងត្រូវប្រឈមនឹងពន្លឺថ្ងៃ។ កត្តាសំខាន់សូមកុំភ្លេចជំនួយផ្នែកខាងក្នុងតាមរយៈការទទួលទានបន្លែ ស្លឹកបៃតងឲ្យបានច្រើន ព្រោះវាអាចជួយដល់ភ្នែករបស់អ្នកស្អាត មើលឃើញច្បាស់ល្អរយៈពេលវែង។
៥-ជ្រើសរើសប្រើកែវទាបៗសម្រាប់ផឹកទឹក ការផឹកទឹកច្រើនក៏អាចជួយកាត់បន្ថយការប្រឈមក្នុងការកើតជំងឺ បេះដូងបានមួយផ្នែកដែរ។ ប៉ុន្តែបើត្រូវឃើញទឹកក្នុងដបធំៗ ឬក្នុងកែវខ្ពស់ៗ អាចធ្វើឲ្យយើងរួញរាក្នុងការផឹកវា។ ដូច្នេះយើងត្រូវជ្រើសរើសកែវណារាងទាបតូចល្មមទើបធ្វើឲ្យយើងផឹក វាបានរឿយៗតាមតម្រូវការ។
៦-លើកដុំដែកឱ្យសាច់ដុំដៃរឹងប៉ឹងល្អ ត្រូវឆ្លៀតពេលលើកដុំដែកឲ្យបានប្រមាណជា ២-៣ សិតក្នុងមួយសប្ដាហ៍នឹងជួយធ្វើឲ្យសាច់ដុំដៃរបស់អ្នករឹងប៉ឹង និងតឹងណែនល្អ។ ត្រូវលើកទម្ងន់ណាដែលសមកម្លាំងខ្លួនឯងនោះនឹងធ្វើឲ្យអ្នក ក្លាយទៅជាម្ចាស់ដៃដ៏ស្អាតណែនល្អបានហើយ ។
៧-ប្រើហ្វីតបលជួយ ក្នុងការពង្រាបក្បាលពោះ ចង់ក្លាយជាស្ត្រីស្អាតមិនត្រូវបណ្ដោយឲ្យខ្លួនឯងដុះក្បាលពោះដូច ចិនកាប់ជ្រូកនោះឡើយ។ ដូច្នេះវិធីងាយៗដែលជួយធ្វើឲ្យអ្នកមានក្បាលពោះស្អាតមិនជាពិបាក នោះឡើយ ដោយគ្រាន់តែអ្នកប្រើមធ្យោបាយស៊ីតអាប់ប៉ុណ្ណោះ ពោលគឺត្រូវយកហ្វីតបលមកប្រើជាជំនួយ ក្នុងការស៊ីតអាប់ ។ វិធីនឹងជួយធ្វើឲ្យសាច់ដុំក្បាលពោះរបស់អ្នកតឹងណែនល្អរហូតដល់ទៅ ៣៨ភាគរយឯណោះ។
៨-រំសាយបន្ធូរអារម្មណ៍ផ្លូវចិត្តដោយក្លិនផ្កាឡាវេនដ័រ ការស្រង់ក្លិនឡាវេនដ័រ(Lavender)ត្រឹមតែ៥នាទីនឹងជួយកាត់បន្ថយ កម្រិតភាពតានតឹងក្នុងខ្លួនរបស់អ្នកបានយ៉ាងច្រើន។ ហើយនៅពេលប្រាសចាកពីភាពតានតឹងរាងកាយរបស់អ្នកក៏នឹងមានអារម្មណ៍ ធូរស្បើយផ្ដល់ផលល្អចំពោះបេះដូងធ្វើឲ្យចៀសផុតឆ្ងាយពីការប្រឈមនៃ ជំងឺបេះដូង។
៩-ប្រើចានតូចដាក់អាហារពេលល្ងាច វិធីនេះវាអាចជួយគ្រប់គ្រងឲ្យអ្នកទទួលទានអាហារពេលល្ងាចបាន តិច។ បើយើងប្រើចានធំដាក់អាហារច្បាស់ជាយើងទទួលទានច្រើនទៅតាមនោះដែរ ព្រោះបើទទួលទានតិច គឺស្ដាយអាហារដែលនៅសល់ក្នុងចាន។ ត្រូវដឹងថា អាហារពេលល្ងាចនេះហើយជាអ្នកបង្កើនទម្ងន់លំដាប់លេខមួយតែម្ដង។ ហេតុនេះត្រូវប្ដូរមកប្រើវិធីចិត្តវិទ្យានុងការគ្រប់គ្រងអាហារ ដោយការប្ដូរទំហំចានឲ្យតូចទើបជាជម្រើសល្អសម្រាប់សុខភាពសម្រស់។
១០-បន្ថែមរសជាតិឱសថធម្មជាតិ ដោយសារនៅក្នុងឱសថធម្មជាតិវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដ កម្មដែលល្អចំពោះរាងកាយរបស់យើង។ ដូច្នេះសូមសាកល្បងជ្រើសរើសទទួលទានអាហារ ដែលមានសមាសធាតុផ្សំនៃឱសថធម្មជាតិដូចជា ម្ទេស ម្រេច រ៉ូសប៊ែរី អរីកាណូជាដើម ។ វាមិនគ្រាន់តែជួយធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ផលល្អដល់សុខភាពរបស់យើង ទៀតផង។
១១- ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនៗ ទន្ទេញចាំជានិច្ចថា ក្នុងអាហារមួយពេលៗ យើងត្រូវជ្រើសរើសទទួលទានឲ្យបានសារធាតុអាហារគ្រប់ទាំង៥ក្រុម ជាពិសេសបន្លែ និង ផ្លែឈើមិនត្រូវខ្វះដាច់ខាត ពីព្រោះតាមលទ្ធផលនៃការស្រាវជ្រាវគេបានរកឃើញថា ការដែលយើងទទួលទានបន្លែឲ្យបានលើសពី ៦០ក្រាមក្នុងថ្ងៃ នឹងជួយឲ្យយើងមានអាយុវែងបាន ២ឆ្នាំថែមទៀត។
១២-ខ្ពុរមាត់ដោយទឹកខ្ពុរមាត់ ឆ្លងតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានទន្តសាស្ត្រ ក្នុងប្រទេសអង់គ្លេសគេបានរកឃើញថា ការខ្ពុរមាត់ដោយទឹកខ្ពុរមាត់នឹងជួយកម្ចាត់កំណកកំបោរ និងបាក់តេរីផ្សេងៗក្នុងមាត់។ ដូច្នេះដើម្បីសុខភាពមាត់ធ្មេញ ពេលដុសធ្មេញរួចត្រូវយកអំបោះខាត់ធ្មេញបន្តបន្ទាប់មកបញ្ចប់ដោយការ ខ្ពុរមាត់ជាមួយនឹងទឹកថ្នាំខ្ពុរមាត់។
១៣-ទទួលទានអាហារពេលព្រឹកឲ្យបានរាល់ថៃ្ង ការទទួលទានអាហារពេលព្រឹក មិនគ្រាន់តែជួយខួរក្បាលឲ្យយើងគិតអ្វីឆាប់ឃើញប៉ុន្តែទេ ប៉ុន្តែវាក៏ជាវិធីមួយដែលជួយគ្រប់គ្រងទម្ងន់បានល្អជាងការបង្អត់ អាហារព្រឹក ពេលនោះយើងនឹងទៅសម្រុកទទួលទានអាហារថ្ងៃត្រង់ និងអាហារល្ងាចច្រើនដែលទង្វើបែបនេះវាមិនបានហុចផលល្អដល់រាងកាយ យើងទេ។ ម្យ៉ាងទៀតបើចង់ឲ្យកាន់តែល្អទៅទៀតនោះគួរតែទំពាអាហារយឺតៗរាល់ លើកពេលទទួលទានម្តងៗ។ វិធីនេះក្រៅពីបានជួយឲ្យប្រព័ន្ធរំលាយអាហារងាយធ្វើការហើយនោះ ថែមទាំងជួយធ្វើឲ្យអ្នកឆាប់ឆ្អែត និងហូបតិចទៀតផង។
១៤-ត្រូវហាត់ប្រាណ ត្រូវចំណាយពេលហាត់ប្រាណឲ្យបានមួយថ្ងៃ ៣០នាទី បើចង់មានរូបរាងស្អាត និងសុខភាពល្អ។ ប៉ុន្តែបើមមាញឹកខ្លាំងពុំមានពេលគ្រប់គ្រាន់អ្នកអាចហាត់ប្រាណ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ក៏បានដែរ ពេលនោះអ្នកនឹងដឹងថាបច្ច័យវិជ្ជមានដែលបានពីការហាត់ប្រាណវាល្អ កម្រិតណាចំពោះសុខភាព និងសម្រស់៕
- See more at: http://www.dnt-news.com/2/?140906090204#sthash.GrfVnNzU.dpuf
0 comments:
Post a Comment