នៅ​ពេល​ខែ​រងា​ចូល​មក​ដល់ មិត្ត​អ្នក​អាន​តែង​មាន​អារម្មណ៍​ថា ​បបូរ​មាត់​ចាប់​ផ្ដើម​ស្ងួត​ និង​ ប្រេះ​ ព្រោះ​តែ​អាកាសធាតុ​ត្រជាក់ និង​ គ្មាន​សំណើម​។ ប្រិយ​មិត្ត​ភាគ​ច្រើន​តែង​យល់​ថា​ បើ​មាត់​បាត់​បង់​ជាតិ​សំណើម ច្រើន​តែ​លិទ្ធ​បបូរ​មាត់​ដើម្បី​ឲ្យ​មាត់​មាន​សំណើម​ឡើង​វិញ​។ ប៉ុន្តែ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​អ្នក​កាន់​តែ​ប្រេះ​ថែម​ទៀត​។


វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ​ងាយ​ស្រួល​ទេ ហើយ​ក៏​មិន​ចាំបាច់​ចំណាយ​អី​ច្រើន​ពេក​ដែរ​។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ជូន​នូវ​វិធី​ងាយ​ៗ​ទាំង​នោះ​៖
១. សម្អាត​ស្បែក​ដែល​ងាប់ ឬ​ប្រេះ​នោះ​ចេញ​៖


ដោយ​ប្រើ​កូន​កន្សែង​ជ្រលក់​ទឹក ហើយ​មក​ជូត​ថ្នមៗ​លើ​បបូរ​មាត់​ដើម្បី​ជម្រុះ​កោសិកា​ចាស់​ដែល​ងាប់​ដោយ​សារ​ការ​ស្ងួត និង​ប្រេះ​បបូរមាត់​នោះ​។ ក្រៅ​ពី​នេះ អ្នក​អាច​យក​ច្រាស់​ដុស​ធ្មេញ​មក​ដុស​ថើៗ​លើ​បបូរ​មាត់ ក៏​អាច​ជួយ​ជម្រុះ​ស្បែក​ទាំង​នោះ​បាន​ដែរ​។ បន្ទាប់​ពី​ដុស​ហើយ យក​ក្រែម​រលោង​មក​លាប ដើម្បី​ឲ្យ​បបូរ​មាត់​មាន​សំណើម​ឡើង​វិញ​។

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​៖

ទោះបី​សភាព​ខាង​ក្រៅ​បញ្ជាក់​ថា ​ត្រជាក់ តែ​ផ្នែក​ខាង​ក្នុង​ខ្លួន​របស់​អ្នក​គឺ​ក្ដៅ ទើប​ធ្វើ​ឲ្យ​បបូរ​មាត់​ទៅ​ជា​ប្រេះ​បែប​នេះ​។ វិធី​សាស្ត្រ​ដ៏​ល្អ គឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ព្រោះ​រាងកាយ​របស់​អ្នក​កំពុង​តែ​ត្រូវការ​ជាតិ​ទឹក​។

៣. ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​៖
បើ​អ្នក​មិន​ចង់​ញ៉ាំ​ទឹក​ច្រើន​ទេ អ្នក​អាច​ងាក​មក​រក​បន្លែ ផ្លែឈើ​ណា​ដែល​ផ្ទុក​ជាតិ​ទឹក​ជំនួស​ក៏​បាន​។ ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ទាំង​នោះ​អាច​ចូល​ទៅ​រក្សា​តុល្យភាព​ pH ក្នុង​ខ្លួន​របស់​អ្នក​ឲ្យ​កម្រិត​ជាតិ​អំបិល​មាន​សភាព​គ្រប់​គ្រាន់ តាម​ធម្មតា​ឡើង​វិញ។

៤. ប្រើ​ប្រទាល​កន្ទុយ​ក្រពើ៖

ប្រទាល​កន្ទុយ​ក្រពើ មាន​ផ្ទុក​សារធាតុ​សំខាន់ និង​ ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បបូរមាត់​ប្រេះ​។ វា​ជួយ​ពង្រឹង​ស្រទាប់​ប្រេង​ការពារ​ដែល​ស្ដើង​លើ​បបូរ​មាត់​ និង​ព្យាបាល​ភាព​ស្ងួត​លើ​បបូរ​មាត់​បាន​។

៥. ចៀសវាង​ការ​លិទ្ធ​មាត់​ញឹក​ញាប់​៖
សារធាតុ​ដែល​មាន​ក្នុង​ទឹក​មាត់​នឹង​ធ្វើ​ឲ្យ​ស្បែក​បបូរ​មាត់​ឡើង​ស្ងួត និង​កាន់​តែ​ប្រេះ​ដល់​ចេញ​ឈាម​ផង​។ ដូច្នេះ​ អ្នក​កុំ​គប្បី​លិទ្ធ​មាត់​ញឹក​ពេក តែ​អាច​ប្រើ​ប្រេង​រលោង​មក​លាប​បបូរ​មាត់ បើ​មាន​អារម្មណ៍​ថា​ស្ងួត​មាត់​ខ្លាំង​។

0 comments:

Post a Comment

 
Top